គំនិតដ៏ល្បីល្បាញស្តីអំពីពួកបរិសុទ្ធគឺថាពួកគេគឺជាមនុស្សអស្ចារ្យដែលទទួលបាននូវឋានៈពិសេសក្នុងចំណោមគ្រីស្ទបរិស័ទដទៃៗទៀត។ ដូច្នេះសូម្បីតែមនុស្សមួយចំនួនក៏អធិស្ឋានឲ្យពួកបរិសុទ្ធដែរ។ ឧទាហរណ៍មួយពីពួកបរិសុទ្ធកាតូលិកគឺលោក សេន្ថ. ហ្វ្រាន់ស៊ីស នៃអាស៊ីស៊ី ដែលបានរស់នៅក្នុងសតវត្សទី ១៣។ គាត់ត្រូវបានគេស្គាល់ដោយសារសេចក្តីស្រឡាញ់របស់គាត់ចំពោះសត្វ និងបក្សាបក្សី។ យោងតាមការដំណាលរឿង គាត់ក៏បានចែកចាយពីសេចក្តីអធិប្បាយមួយទៅកាន់បក្សាបក្សីនៅពេលពួកវាស្តាប់ដោយយកចិត្តទុកដាក់នូវរាល់ពាក្យទាំងប៉ុន្មានរបស់គាត់! ខណៈពេលដែលមានការបង្ហាញពីឧទាហរណ៍នេះ គំនិតដ៏ល្បីល្បាញអំពីថាតើអ្វីបង្កើតឲ្យមានពួកបរិសុទ្ធឡើងទាក់ទងនឹងប្រពៃណី និងរឿងព្រេងនិទានមួយចំនួន។
តើព្រះគម្ពីរចែងយ៉ាងដូចម្តេចខ្លះ
យ៉ាងណាមិញ ព្រះគម្ពីរបង្រៀនពីអ្វីម្យ៉ាងដែលផ្ទុយពីនោះ។ បទគម្ពីរក្រោមការដឹកនាំនៃព្រះជាម្ចាស់ប្រាប់យើងថារាស្រ្តរបស់ព្រះអង្គទាំងអស់គឺត្រូវបានរាប់ថាជាពួកបរិសុទ្ធ។ សព្វថ្ងៃនេះគឺមានន័យថាគ្រីស្ទបរិស័ទម្នាក់ៗគឺជាពួកបរិសុទ្ធរបស់ព្រះជាម្ចាស់ ទាំងអត្តសញ្ញាណនិងឥរិយាបទពីខាងក្នុងខ្លួនគេ។នៅក្នុងព្រះគម្ពីរ គ្មានអត្តសញ្ញាណឬតួរនាទីណាវិសេសនៅក្នុងក្រុមជំនុំសម្រាប់“ពួកបរិសុទ្ធ” ទេ។ គំនិតនៃពួកបរិសុទ្ធសម្រេចបាននូវកម្រិតដ៏ពិសេសមួយនៃភាពបរិសុទ្ធមិនត្រូវបានយកមកប្រព្រឹត្តតាមប្រពៃណីរបស់មនុស្សរហូតដល់អំឡុងឆ្នាំទី ៩០០ ក្រោយពីព្រះគម្ពីរត្រូវបានកត់ត្រាសម្រេចទាំងស្រុង។[1]
ក្នុងបទគម្ពីរជាច្រើនដែលមាននៅក្នុងព្រះគម្ពីរ, យើងអាចមើលឃើញថាគ្រីស្ទបរិស័ទទាំងអស់នៅក្នុងក្រុមជំនុំត្រូវបានហៅថាជាពួកបរិសុទ្ធ។ ឧទាហរណ៍ នៅក្នុង កិច្ចការ ៨:៣ យើងបានអានពីរបៀបដែលលោកសុល “បានបំផ្លាញក្រុមជំនុំ។ គាត់ចូលពីផ្ទះមួយទៅផ្ទះមួយ ចាប់មនុស្សប្រុស និងមនុស្សស្រីដាក់គុក” (គខប)។ ក្រោយមកនៅក្នុងកិច្ចការ ២៦:១០ បន្ទាប់ពីលោកសុលបានកែប្រែចិត្ត ហើយបានប្រែក្លាយទៅជាគ្រីស្តបរិស័ទម្នាក់ គាត់បានរៀបរាប់ទៅកាន់ព្រះបាទអគ្រីប៉ាពីរបៀបដែលគាត់បាន “ចាប់ពួកបរិសុទ្ធជាច្រើនដាក់គុក”។ ចាប់តាំងពីពេលដែលពាក្យ “ក្រុមជំនុំ” សំដៅលើមនុស្សដែលជាគ្រីស្តបរិស័ទជាទូទៅ ពួកបរិសុទ្ធគឺជាគ្រីស្តបរិស័ទធម្មតាប៉ុណ្ណោះ។ លើសពីនេះ នៅក្នុងសេចក្តីសំបុត្ររបស់គាត់ទៅទីក្រុងរ៉ូម ប៉ុល បានបញ្ជាក់នៅក្នុងសំបុត្រថា “ជូនចំពោះអស់អ្នកដែលរស់នៅក្នុងទីក្រុងរ៉ូម ដែលទទួលសេចក្តីស្រឡាញ់ពីព្រះជាម្ចាស់ដោយបានហៅថាជាពួកបរិសុទ្ធ”(១:៧)។ ជាថ្មីម្តងទៀត វាគឺជាភ័ស្តុតាងដែលថាគ្រីស្ទបរិស័ទទាំងអស់ ជាអស់អ្នកដែល “ព្រះជាម្ចាស់ទ្រង់ស្រឡាញ់” គឺជាពួកបរិសុទ្ធ។ ជាការពិត សញ្ញាថ្មីសំដៅទៅលើគ្រីស្ទបរិស័ទថាជាពួកបរិសុទ្ធចំនួន ៥៩ ដង។
ព្រះគម្ពីរសញ្ញាចាស់ក៏សំដៅទៅកាន់ប្រជារាស្ត្ររបស់ព្រះជាម្ចាស់ថាជាពួកបរិសុទ្ធ ឬមនុស្សបរិសុទ្ធ។ ឧទាហរណ៍ ទំនុកតម្កើង ១៦:៣ ចែងថា “ចំណែកពួកបរិសុទ្ធដែលនៅផែនដី នោះជាពួកប្រសើរ
ដែលគាប់ចិត្តទូលបង្គំគ្រប់ជំពូក”។ ទំនុកតម្កើង ៣៤:៩ ចែងថា “ឱពួកបរិសុទ្ធរបស់ទ្រង់អើយ សូមកោតខ្លាចដល់ ព្រះយេហូវ៉ា”។ ភាសានៅក្នុងព្រះគម្ពីរ,ពាក្យថា "ពួកបរិសុទ្ធ"ក៏អាចបកប្រែថា "មនុសុ្សបរិសុទ្ធ"បានដែរ។វាជាប់តាមជាមួយគ្នានឹងគំនិតនៃការបែងចែកដាច់ដោយឡែកពីគ្នា ការប្រកាន់ខ្ជាប់នឹងសាសនា និងភាពបរិសុទ្ធ។[២] ជាការពិតណាស់ គ្រប់ពេល និងគ្រប់ទីកន្លែងទាំងអស់ ព្រះជាម្ចាស់សព្វព្រះទ័យឲ្យប្រជារាស្ត្ររបស់ទ្រង់បានបរិសុទ្ធ ដាច់ដោយឡែកពីគ្នា មានការប្តេជ្ញា និងស្អាតបរិសុទ្ធ។ ហេតុដូច្នេះហើយបានជាប្រជារាស្ត្ររបស់ទ្រង់តែងតែត្រូវបានហៅថាជា “មនុស្សបរិសុទ្ធ” ឬ “ពួកបរិសុទ្ធ”។
បញ្ហានៃគំរូរបស់ពួកបរិសុទ្ធ
គំនិតដ៏ល្បីល្បាញនៃភាពជាពួកបរិសុទ្ធដែលយើងមាននៅក្នុងរង្វង់សាសនាមួយចំនួនសព្វថ្ងៃនេះទទួលបានមកពីភក្តីភាពទៅចំពោះពួកបរិសុទ្ធដែលត្រូវបានគេបានធ្វើជាអ្នកដែលទ្រាំទ្រដល់ស្លាប់ ឬសម្លាប់ដោយសារជំនឿរបស់ពួកគេ។[៣] ពេលវេលាចេះតែកន្លងផុតទៅ គ្រូជាគ្រីស្ទបរិស័ទមួយចំនួននឹងបានកាន់តាមគំនិតដែលថាពួកអ្នកដែលបានទ្រាំទ្រដល់ស្លាប់ទាំងនេះមានកន្លែងពិសេសមួយនៅនគរស្ថានសួគ៌ ហើយយើងគួរតែអធិស្ឋាន(អំពាវនាវ)ទៅពួកគេ។ វិហារកាតូលិកបានបង្វែរការនេះឲ្យបានក្លាយទៅជាការកាន់តាមជាផ្លូវការចំពោះ “ការប្រកាសថាជាអ្នកមានបុណ្យ” ជាពិសេសកាតូលិកដែលមានពរ ឬនិយាយម្យ៉ាងទៀតថា ធ្វើឲ្យភាពជាពួកបរិសុទ្ធរបស់ពួកគេក្លាយទៅជាផ្លូវការ ដែលជាអនុញ្ញាតិឲ្យពួគដែលរស់នៅកាន់តាមជំនឿកាតូលិកថ្វាយបង្គំពួកគេបន្ទាប់ពីពួកគេស្លាប់ទៅ។
មិនមានការគាំទ្រណាមួយនៅក្នុងព្រះគម្ពីរណាមួយសម្រាប់ការថ្វាយបង្គំ ឬអធិស្ឋានទៅកាន់ពួកបរិសុទ្ធដែលទ្រាំទ្រដល់ស្លាប់ឡើយ។ ជាការពិត, ព្រះគម្ពីរហាក់ដូចជាប្រឆាំងជាមួយនឹងគំនិតនេះ។ នៅក្នុង លូកា ១៦:២៤-៣១ មនុស្សដែលត្រូវបានកាត់ទោសនៅស្ថានឃុំព្រលឹងមនុស្សស្លាប់ បានអង្វរលោកអ័ប្រាហាំ មនុស្សម្នាក់ត្រូវបានចាត់ទុកថាមានឯកសិទ្ធិក្នុងការដែលមានទំនាក់ទំនងជាមួយព្រះជាម្ចាស់, នៅក្នុងការអង្វរជំនួសគាត់ និងបងប្អូនដែលនៅមានជីវិតរស់។ ក្នុងករណីទាំងពីរនេះ លោកអ័ប្រាហាំបានបដិសេធដោយនិយាយថាពួកគេមានក្រឹត្យវិន័យដែលបានកត់ត្រានៃព្រះសម្រាប់បង្រៀនដល់ពួកគេហើយមិនមែនគាត់ទេ។ក្នុងករណីផ្សេងៗមួយចំនួនទៀត ពួកទេវតា និងពួកសាវ័កបានបដិសេធមិនទទួលការថ្វាយបង្គំពីមនុស្ស។ នៅក្នុង កិច្ចការ ១៤ លោកប៉ុល និងលោកបាណាបាសត្រូវបានគេគោរពទុកថាជាព្រះ ប៉ុន្តែពួកគេហែកអាវរបស់ខ្លួន ហើយប្រាប់ទៅពួកគេថា “ហេតុអ្វីបានជាបងប្អូននាំគ្នាធ្វើដូច្នេះ? យើងខ្ញុំក៏ជាមនុស្សធម្មតាដូចបងប្អូនដែរ” (១៥)។ នៅក្នុង វិវរណៈ ២២ សាវ័ក យ៉ូហាន បានទម្លាក់ខ្លួនចុះដើម្បីថ្វាយបង្គំទេវតា ប៉ុន្តែគាត់ប្រាប់ថា “កុំឲ្យធ្វើដូច្នេះឡើយ ខ្ញុំក៏ជាបាវបំរើជាមួយនឹងអ្នកដែរ ហើយជាមួយនឹងពួកហោរា ជាបងប្អូនអ្នក និងពួកអ្នកដែលកាន់តាមព្រះបន្ទូលក្នុងគម្ពីរនេះផង ចូរថ្វាយបង្គំដល់ព្រះវិញចុះ។!” (៩)។ ខណៈឧទាហរណ៏ទាំងនេះបានបង្ហាញឲ្យឃើញ, វាមិនស្របតាមព្រះគម្ពីរទេដែលថ្វាយបង្គំ ឬអធិស្ឋានទៅកាន់អ្នកបម្រើព្រះផ្សេងទៀត, បើទោះបីជាពួកគេអាចជាគំរូវិសេសយ៉ាងណាក៏ដោយ។
អ្នកនៅកណ្តាលយើងជាមួយនឹងព្រះពិតប្រាកដ
អ្នកទូលអង្វររបស់យើងនៅចំពោះព្រះជាម្ចាស់គឺជាព្រះយេស៊ូវគ្រិស្ទ និងព្រះវិញ្ញាណបរិសុទ្ធ។ ហេព្រើរ ៧:២៤-២៥ ចែងអំពីព្រះយេស៊ូវ ថា “តែទ្រង់មានការងារជាសង្ឃឥតផ្ទេរឡើយ ពីព្រោះទ្រង់នៅជាប់អស់កល្បជានិច្ចវិញ ២៥ ដោយហេតុនោះបានជាទ្រង់អាចនឹងជួយសង្គ្រោះសព្វគ្រប់បាន ដល់មនុស្សទាំងអស់ ដែលចូលទៅឯព្រះ ដោយសារទ្រង់ ដ្បិតទ្រង់មានព្រះជន្មរស់នៅជានិច្ច ដើម្បីនឹងជួយអង្វរជំនួសគេ។” រ៉ូម ៨:២៦-២៧ ចែងអំពីព្រះវិញ្ញាណបរិសុទ្ធ ថា ព្រះវិញ្ញាណទ្រង់ក៏ជួយសេចក្តីកំសោយរបស់យើងបែបដូច្នោះដែរ ដ្បិតយើងមិនដឹងជាគួរអធិស្ឋានសូមអ្វីទេ តែព្រះវិញ្ញាណទ្រង់ជួយអង្វរជំនួសយើង ដោយដំងូរដែលរកថ្លែងពុំបានវិញ ២៧ ប៉ុន្តែ ព្រះអង្គដែលស្ទង់ចិត្ត ទ្រង់ជ្រាបនូវគំនិតនៃព្រះវិញ្ញាណ ដ្បិតព្រះវិញ្ញាណជួយអង្វរជួសពួកបរិសុទ្ធ ឲ្យត្រូវនឹងព្រះហឫទ័យព្រះ ” បទគម្ពីរនេះបង្ហាញប្រាប់យើងថាវាមិនចាំបាច់នោះទេក្នុងការអធិស្ឋានទៅពួកបរិសុទ្ធដែលបានទ្រាំទ្រដល់ស្លាប់នោះឡើយ។ វាមិនបានជួយអ្វីទាល់តែសោះដល់យើងដែលថាព្រះយេស៊ូវ និងព្រះវិញ្ញាណបរិសុទ្ធមិនអាចធ្វើបាននោះ! យើងគួរតែអធិស្ឋានដោយផ្ទាល់ទៅកាន់ព្រះវរបិតា ដោយទុកចិត្តថាព្រះយេស៊ូវ និងព្រះវិញ្ញាណបរិសុទ្ធកំពុងតែធ្វើផ្នែករបស់ព្រះអង្គក្នុងការដែលជាតំណាងឲ្យយើង។
ក្នុងនាមជាពួកបរិសុទ្ធ
ការប្រើប្រាស់ជាទូទៅមួយទៀតនៃពាក្យថា “ពួកបរិសុទ្ធ” ត្រូវបានអនុវត្តចំពោះនរណាម្នាក់ដែលត្រូវបានចាត់ទុកថាល្អជាពិសេស។ ជាភាសាដែលពេញនិយម យើងប្រហែលជាអាចហៅនរណាម្នាក់ដែលបង្ហាញពីចិត្តសប្បុរសយ៉ាងវិសេសទៅកាន់អ្នកក្រ “ពួកបរិសុទ្ធម្នាក់”។ ម្យ៉ាងទៀត យើងអាចនឹងជួបមនុស្សមួយចំនួនដែលហៅខ្លួនឯងថាជាគ្រីស្ទបរិស័ទ ប៉ុន្តែមើលទៅពួកគេហាក់បីដូចជាមិនបរិសុទ្ធទាល់តែសោះ! នេះគឺជាបញ្ហាជាមួយនឹងការកុហកមួយផ្សេងទៀតនៃពាក្យថា “ពួកបរិសុទ្ធ”— ព្រះគម្ពីរហៅប្រជារាស្រ្តទាំងអស់របស់ព្រះជាម្ចាស់ថាជាពួកបរិសុទ្ធ ប៉ុន្តែពេលខ្លះប្រជារាស្រ្តរបស់ព្រះគឺស្ថិតនៅឆ្ងាយពីភាពឥតខ្ចោះខ្លាំងណាស់។ ការនេះធ្វើឲ្យមានការចោទសំណួរថា “តើព្រះជាម្ចាស់ហៅប្រជាជនរបស់ព្រះអង្គថាជាពួកបរិសុទ្ធដោយសារតែទ្រង់ទទួលយកអស់អ្នកដែលបរិសុទ្ធមែនទេ?”
ចម្លើយដ៏សាមញ្ញបំផុតសម្រាប់សំណួរនេះអាចមើលឃើញនៅក្នុងអ្វីដែលព្រះបានតាំងឡើង ហើយនិងក្នុងការឆ្លើយតបរបស់គ្រីស្ទបរិស័ទ។ ព្រះជាម្ចាស់បានយកអ្វីដែលព្រះអង្គបានតាំងឡើងដើម្បីធ្វើឲ្យគ្រីស្ទបរិស័ទក្លាយជាបរិសុទ្ធ ហើយហៅពួកគេថាជាពួកបរិសុទ្ធ។ វាមិនមែនដោយសារតែពួកគេល្អនោះទេបានជាព្រះអង្គសម្រេចព្រះទ័យផ្តល់នូវការកំណត់ជាពិសេសនេះដល់ពួកគេនោះ។ រ៉ូម ៥:៨-៩ ចែងថា “តែឯព្រះ ទ្រង់សំដែងសេចក្តីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង ៩ ដូច្នេះ ដែលបានរាប់ជាសុចរិត ដោយសារព្រះលោហិតទ្រង់ នោះប្រាកដជាយើងនឹងបានរួចចេញពីសេចក្តីក្រោធ ដោយសារទ្រង់ជាមិនខានលើសទៅទៀត ” តាមរយៈការដែលព្រះបានតាំងឡើង មនុស្សអាចត្រូវបានដាក់ចូលទៅកន្លែងពិសេសនៃភាពជាពួកបរិសុទ្ធតាមរយៈសេចក្តីជំនឿដ៏ស្មោះត្រង់ចំពោះព្រះយេស៊ូវ គ្រីស្ទ។
យ៉ាងណាមិញ ស្របជាមួយនឹងអំណោយដ៏ពិសេសនេះក៏ជាប់មកជាមួយនឹងការទទួលខុសត្រូវពិសេសដែរ។ រ៉ូម ៦:១៩ ចែងថា “ ដ្បិតដូចជាកាលពីដើម អ្នករាល់គ្នាបានប្រគល់អវយវៈទាំងប៉ុន្មាន ទៅបំរើសេចក្តីស្មោកគ្រោក និងសេចក្តីទទឹងច្បាប់ កាន់តែច្រើនឡើងយ៉ាងណា ឥឡូវនេះ ចូរអ្នករាល់គ្នាប្រគល់អវយវៈទាំងអស់នោះ ទៅបំរើសេចក្តីសុចរិតវិញ ប្រយោជន៍ឲ្យបានបរិសុទ្ធយ៉ាងនោះដែរ ”“ការរាប់ជាបរិសុទ្ធ” គឺជាពាក្យដូចគ្នានឹងពាក្យថា “ភាពបរិសុទ្ធ” ឬ “ភាពជាពួកបរិសុទ្ធ”។ លោក ប៉ុល កំពុងតែនិយាយប្រាប់ទៅកាន់គ្រីស្ទបរិស័ទទាំងនេះថាអស់អ្នកដែលបានតាំងឡើងដោយព្រះជាម្ចាស់ឲ្យធ្វើជាពួកបរិសុទ្ធ ត្រូវមានកាតព្វកិច្ចរស់នៅក្នុងជីវិតដែលសុចរិតរបស់ពួកបរិសុទ្ធ។ មិនមានន័យថាគ្រីស្ទបរិស័ទថ្មីម្នាក់គឺសុទ្ធតែបានធ្វើយ៉ាងល្អឥតខ្ចោះនោះទេ, ប៉ុន្តែវាមានន័យថាពួកគេកំពុងតែខិតខំធ្វើដើម្បីឆ្ពោះទៅកាន់គោលដៅនោះដោយមានជំនួយមកពីព្រះជាម្ចាស់។
សរុបសេចក្តីមក ព្រះគម្ពីរបង្រៀនថាគ្រីស្ទបរិស័ទទាំងអស់គឺជាពួកបរិសុទ្ធតាមរយៈការផ្តួចផ្តើម និងការចាត់តាំងរបស់ព្រះជាម្ចាស់ ដែលគឺជាអំណោយដ៏អស្ចារ្យ និងជាអភ័យឯកសិទ្ធិដ៏អស្ចារ្យបំផុត! ព្រះគម្ពីរក៏បានបង្រៀនថា គ្រីស្ទបរិស័ទត្រូវបានរំពឹងថាត្រូវរស់នៅក្នុងជីវិតដែលមានប្តេជ្ញា និងមានអាកប្បកិរិយាដែលបរិសុទ្ធ។ ការនេះមានន័យថាពួកបរិសុទ្ធគួរតែស្ថិតនៅក្នុងឋានៈដែលមានសីលធម៌ខ្ពស់នៅក្នុងពិភពលោកនេះ។ យ៉ាងណាមិញ ព្រះគម្ពីរមិនបានបង្រៀនថាពួកបរិសុទ្ធមានឯកសិទ្ធិ ឬអ្នកដែលត្រូវគេគោរពនៅក្នុងភាពជាគ្រីស្ទបរិស័ទនោះទេ បើទោះបីជាពួកគេគឺជាអ្នកដែលទ្រាំទ្រចំពោះសេចក្តីជំនឿរបស់គេក៏។ គ្មាននរណាម្នាក់ មិនថាបានធ្វើកិច្ចការល្អយ៉ាងណាដែលសក្តិសមនៅក្នុងការទទួលនូវការប្តេជ្ញារបស់យើងក្រៅពីព្រះយេស៊ូវមួយប៉ុណ្ណោះ,ដែលជាព្រះរាជបុត្រានៃព្រះ, ដែលព្រះអង្គជាអ្នកដែលនៅកណ្តាលព្រះហើយនឹងមនុស្ស។